ឃាត់ខ្លួនជនជាតិចិន ៩នាក់ នៅខេត្តស្ទឹងត្រែង សង្ស័យជាក្រុមឧក្រិដ្ឋជន ដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមអនឡាញ !

ខេត្តស្ទឹងត្រែង៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានធ្វើការឃាត់ខ្លួនបុរសជនជាតិចិន ៩នាក់ ក្រោមបទសង្ស័យថា ជាក្រុមឧក្រិដ្ឋជនដែលជាប់ពាក់ព័ន្ធ នឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ នៅគោលដៅប្រចាំការត្រួតពិនិត្យ ត្រង់ចំណុចគល់ស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គស្ទឹងត្រែង នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ប្រភពព័ត៌មានបានឱ្យដឹងថា នៅក្នុងប្រតិបត្តិការបង្រ្កាប ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដែលប្រចាំការត្រួតពិនិត្យគោលដៅនោះ បានឃាត់រថយន្ត១គ្រឿង និងបុរសជនជាតិចិន ៩នាក់ និងបានដកហូតទូរស័ព្ទដៃ ១០គ្រឿង រួមទាំងសម្ភារៈមួយចំនួនទៀត ដើម្បីរក្សាទុកជាវត្ថុតាង។
ប្រភពព័ត៌មានដដែលបានបន្តថា មុនឈានដល់ការឃាត់ជនជាតិចិនទាំង ៩នាក់នោះ កម្លាំងសមត្ថកិច្ចបានដាក់ការសង្ស័យថា ក្រុមជនជាតិចិននោះ មានការពាក់ព័ន្ធនឹងការលបលួចធ្វើសកម្មភាពឆបោកតាមអនឡាញ ដោយពួកគេមានគោលបំណង ធ្វើដំណើរពីចំណុចទឹកធ្លាក់ព្រះនិម្មិត ស្ថិតក្នុងភូមិកំពង់សាមី ឃុំកំពុងស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ ដើម្បីបន្តឆ្ពោះទៅកាន់ខេត្តព្រះសីហនុ។
ក្រោយការបង្ក្រាប ជនសង្ស័យជនជាតិចិនទាំង ៩នាក់ រួមទាំងវត្ថុតាងទាំងអស់ត្រូវបានប្រគល់ឱ្យនគរបាលផ្នែកអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីបន្តអនុវត្តនីតិវិធីតាមច្បាប់ជាធរមាន។ ចំពោះមេក្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុត៕SAMNEANG

You might like

Leave a Reply

Your email address will not be published. Required fields are marked *